ភ្នំពេញៈ រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ការប្រកាសនេះធ្វើឡើងនៅសាលាខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃម្សិលមិញក្រោយពីពលរដ្ឋប្រមាណ ៦០០ គ្រួសារដែលរស់នៅក្នុងភូមិចំនួន ៥ ក្បែររបងព្រលានយន្តហោះបាននាំគ្នាតវ៉ា និងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធអស់ពេលជិត ៤ ឆ្នាំដើម្បីឲ្យជួយរកដំណោះស្រាយលើផលប៉ះពាល់ផ្ទះសំបែង និងមុខរបរពួកគាត់ដោយសារគម្រោងពង្រីកព្រលានយន្តហោះនោះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីសំណង់អគារ ផ្ទះសំបែងស្ថិតក្នុងតំបន់សន្តិសុខ និងតំបន់សុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងថារាជរដ្ឋាភិបាលបានសម្រេចរក្សាតំបន់នេះឲ្យស្ថិតក្នុងស្ថានភាពដដែលសិន និងពុំមានការពង្រីកបរិវេណបន្ថែមទេ។
លោកបញ្ជាក់ថា៖ «អត់ពង្រីក [ព្រលានយន្តហោះ] ទេអ៊ីចឹងបងប្អូនពលរដ្ឋអត់មានបញ្ហាទេសូមកុំបារម្ភអី»។ បើតាមលោក ណុលឡា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្នមិនអាចពង្រីកបានទេដោយសារទីតាំងមានភាពតូចចង្អៀត និងប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
លោកថា រាជរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយប្រមាណ ពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយសង់ស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ ប៉ុន្តែលោកបានបដិសេធផ្តល់ព័ត៌មានពីទីតាំងសម្រាប់សង់ព្រលានយន្តហោះថ្មីនោះ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលនឹងសង់ព្រលានយន្តហោះថ្មីតែសង់នៅណាខ្ញុំអត់ដឹងដែរបើដឹងប្រជាពលរដ្ឋនឹងនាំគ្នាទៅទិញដីសង់លែងបានឥឡូវហ្នឹងយើងបារម្ភរឿងនេះដែរ...តែអ្វីដែលយើងបម្រុងធ្វើនេះគឺដើម្បីគោរពតាមស្តង់ដារច្បាប់អាកាសចរណ៍អន្តរជាតិដែលគេតម្រូវឲ្យយើងធ្វើបែបនេះបែបនោះ។ បើយើងមិនធ្វើទេគេនឹងទុកយើងក្នុងបញ្ជីខ្មៅអ៊ីចឹងហើយយើងត្រូវធ្វើព្រលានយន្តហោះតាមស្តង់ដារអន្តរជាតិដែលគេស្នើសុំ»។
តំណាងពលរដ្ឋនៅសហគមន៍ថ្មគោលអ្នកស្រី ភួង សុភាព សាទរចំពោះសេចក្តីសម្រេចនេះតែបានស្នើដល់រាជរដ្ឋាភិបាលឲ្យផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ និងជួយផ្តល់ជាសំណងលើការខាតបង់ពេលវេលា មុខរបរ និងការរងទុក្ខលំបាកដោយសារការបង្កកដីរបស់ពួកគាត់មិនឲ្យមានការទិញដូរអស់រយៈពេលជិត ៤ ឆ្នាំមកនេះ។
អ្នកស្រីថា៖ «ជាចម្បងនេះគឺសុំប័ណ្ណកម្មសិទ្ធិស្របច្បាប់កុំឲ្យពលរដ្ឋនៅភិតភ័យព្រោះពាក្យថាទុកសិននេះគឺគ្រោះថ្នាក់ណាស់សម្រាប់ពលរដ្ឋ»។
ក្រៅពីនោះតំណាងពលរដ្ឋផ្សេងទៀតបានស្នើសុំអាជ្ញាធរធ្វើបទបង្ហាញស្តីពីកម្ពស់សំណង់ដែលពួកគាត់អាចសាងសង់បាន ឬជួសជុលផ្ទះសំបែង ផ្អាកការបង់ពន្ធដីនៅតំបន់នោះរហូតដល់ឆ្នាំ ២០១៧ ដោយសាររដ្ឋាភិបាលបានបង្កកដីនោះហើយសុំឲ្យអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ និងស្នើឲ្យពួកគាត់អាចមានសិទ្ធិផ្ទេរកម្មសិទ្ធិដីធ្លី និងផ្ទះជាដើម។
អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក សយ សុខាន់ បានលើកឡើងថារាជរដ្ឋាភិបាលបានសម្រេចទុកតំបន់សុវត្ថិភាព និងសន្តិសុខព្រលានយន្តហោះឲ្យនៅស្ថានភាពដដែលដូច្នេះពលរដ្ឋអាចរៀបចំ ឬជួសជុលលំនៅឋានបានតែត្រូវមានការអនុញ្ញាតពីអាជ្ញាធរ និងគោរពតាមស្តង់ដារកម្ពស់ដែលជាឧបសគ្គនៃការចុះចតរបស់យន្តហោះ។
ចំពោះការស្នើសុំប្លង់កម្មសិទ្ធិ និងការផ្ទេរកម្មសិទ្ធិលោកបញ្ជាក់ថាក្រោយសេចក្តីប្រកាសនេះអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធនឹងប្រជុំលើបញ្ហានេះដើម្បីពិភាក្សាដោះស្រាយលើការសំណូមពររបស់ពលរដ្ឋ និងរៀបចំសហគមន៍របស់ពួកគាត់។
លោកបន្ថែមថា៖ «រដ្ឋាភិបាលកំពុងតែមានផែនការយកព្រលានយន្តហោះនេះចេញទៅក្រៅមិនមែនមានន័យថាលើកពោធិ៍ចិនតុងទៅក្រៅទេគឺទៅរកទីតាំងថ្មីទៀតដើម្បីអភិវឌ្ឍព្រោះថាសព្វថ្ងៃនេះទេសចរណ៍មានកំណើនទៅមុខហើយព្រលានយន្តហោះនៅភ្នំពេញនៅឆ្នាំ ២០១៤ និង ២០១៥ នេះមានភ្ញៀវមកជិត ៤ លាននាក់ហើយចំណុះព្រលានសព្វថ្ងៃនេះទទួលបានតែ ៥ លាននាក់ទេអ៊ីចឹងរដ្ឋាភិបាលត្រូវរួសរាន់រកទីតាំងថ្មី»។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ បានសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលនេះដែលជាការបញ្ជាក់ទៅលើការសន្យាដែលថារដ្ឋាភិបាលនឹងមិនធ្វើការអភិវឌ្ឍឲ្យប៉ះពាល់ដល់ពលរដ្ឋហើយលោកបានជំរុញឲ្យអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋដើម្បីបញ្ចប់កង្វល់របស់ពួកគាត់៕