នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៥ : 00 ល្ងាច នៅសណ្ឋាគារកាំបូនីយ៉ាណា បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលដឹកនាំដោយ លោកឧកញ៉ា លី ហួរ ជាប្រធានសមាគម ព្រមទាំងសមាជិក-សមាជិកា។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្នែកធុរជនវិស័យសំណង់ បុរី លំនៅឋានរបស់យើង តាមរយៈសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងតាមរយៈសភាពាណិជ្ជកម្មកម្ពុជាផងដែរ បានក្លាយជាសហប្រធានក្នុងក្រុមមួយថ្មីបន្ថែមក្នុងវេទិកាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ។
ចាប់តាំងពីសមាគម បានចុះបញ្ជីផ្លូវការមកដល់បច្ចុប្បន្ននេះ សមាគមមិនដែលបានជួបជាផ្លូវការជាមួយថ្នាក់គ្រប់គ្រងសាលារាជធានីរាជធានីភ្នំពេញ និងសាលាខណ្ឌ នៅឡើយ។ សមាគមសម្រេចរៀបចំឲ្យមានពិធីនៅថ្ងៃនេះ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព និងដាក់ជាយន្តការ ភាពជាដៃគូនឹងគ្នា រវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសាលារាជធានីភ្នំពេញ ដោយស្របនឹងផែនការសមាគមបានរៀបចំឲ្យមានយន្តការជួបសំណេះសំណាលភាពជាដៃគូជាមួយអាជ្ញាធរដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍លំនៅឋាន។ កន្លងមកសមាគមបានជួបសំណេះសំណាល និងសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ។
លោកឧកញ៉ា លី ហួរ តាំងនាមឲ្យសមាគម សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ អភិបាលរងសាលារជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌ ប្រធានមន្ទី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកា ដែលបានផ្តល់កិត្តិយសចូលរួម និងគាំទ្រ។