MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
តើ​រដ្ឋ​គួរ​គិត​គូរ ​ពី​ការ​វិនិយោគ​លើ​សំណង់​លំនៅឋាន​សាធារណៈ​ មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ក្រីក្រ​ឬ​ទេ? Posted Date : 09-09-2016

តម្លៃ​បន្ទប់​ជួល​សម្រាប់​កម្មករ និង​ពលករ​ចំណាក​ស្រុក​មក​ពី​តាម​បណ្តា​ខេត្ត​នានា​នៅ​ទីក្រុង​ភ្នំពេញ

ទន្ទឹម​នឹង​កំណើន​ចំនួន​កម្មករ និង​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​បាន​សម្រុក​ចូល​មក​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ តម្រូវ​ការ​នៃ​ទីកន្លែង​ស្នាក់​នៅ​ពិត​ជា​រឿង​ចាំបាច់​សម្រាប់​ជន​បំផ្លាស់​ទី​ទាំង​នោះ។ ប៉ុន្តែ​ កំណើន​សំណង់​លំនៅឋាន​ជាច្រើន​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​រាជធានី​នេះ​ហាក់​មាន​សញ្ញាណ​ផ្តោត​តែ​ទៅ​លើ​ប្រភេទ​លើស​ពី​កម្រិត​មធ្យម និង​ប្រភេទ​ប្រណីត​ប៉ុណ្ណោះ ព្រោះ​ទាំង​ក្រុម​អ្នក​វិនិយោគទុន​ក្នុង​ស្រុក និង​វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍ ហាក់​ដូច​ជា​គ្មាន​នរណា​ចាប់​អារម្មណ៍​អើពើ​ពី​ការ​វិនិយោគ​លំនៅឋាន​តម្លៃ​សមរម្យ ខណៈ​ដែល​កម្មករ និង​ពលករ​ទាំង​ឡាយ បាន​ទាម​ទារ​ឲ្យ​រដ្ឋ​ធ្វើ​ការ​វិនិយោគ​សាធារណៈ​សម្រាប់​សំណង់​ផ្ទះ​សំបែង​មាន​តម្លៃ​សម​រម្យ​សម្រាប់​ប្រជាជន​ក្រីក្រ​។

កម្មករ និង​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ដែល​ភ្នំពេញ​ប៉ុស្តិ៍ អចលទ្រព្យ បាន​ជួប​សម្ភាស​សុទ្ធ​សឹង​តែ​សំណូម​ពរ​ដោយ​ទទូច​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ម្ចាស់​ផ្ទះ បន្ទប់ និង​ទំនិញ សព្វ​សារពើរ​ទាំង​នោះ​ឡើង​ថ្លៃ​ខ្លាំង​ពេក ព្រោះ​ការ​ទទួល​បាន​ពី​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​នា​ពេល​កន្លង​មក វា​ហាក់​បី​ដូច​ជា «ពួក​ខ្ញុំ​ជា​កម្មករ​ទាំង​អស់​គ្នា​នេះ អត់​ទទួល​បាន​កម្រៃ​អ្វី​សោះ​ឡើយ ព្រោះ​ត្រូវ​បង់ថ្លៃ​ផ្ទះ​ឡើង​ថ្លៃ និង​ទំនិញ​ផ្សេងៗ​ទៀត​ក៏​ឡើង​ថ្លៃ​ដែរ នោះ គឺ​វា​អស់​ល្មម​តែ​ម្តង​។ ពួក​យើង​អត់​មាន​បាន​កម្រៃ​អ្វី​ពី​ការ​ឡើង​ប្រាក់​ខែ​នោះ​ទេ​»​។

បុរស និង​ស្ត្រី​ វ័យ​ជាង​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់​ដេរ បាន​អះអាង​ថា ​៖ «​រដ្ឋាភិបាល​ហាក់​ដូច​បំភ្លេច​ពួក​យើង​ជា​កម្មករ​ថា ពុំ​មែន​ជា​មនុស្ស ឬ​ប្រជាជន​កម្ពុជា​ទេ​»​។ ពួក​គេ​ក៏​សំណូមពរ​ផង​ដែរ បើ​រដ្ឋ​មាន​លទ្ធភាព គួរ​ពិចារណា​ក្នុង​ការ​សាងសង់​ជា​លំនៅឋាន​មាន​តម្លៃ​ថោក​ៗ​សម្រាប់​ប្រជាជន​ក្រីក្រ ឬ​ពលករ​ចំណាក​ស្រុក​ឲ្យ​បាន​ច្រើន​កន្លែង​ផង​ដែរ​។

ខាង​ក្រោម​នេះ គឺជា​រូប​ភាព​ខ្លះៗ​នៃ​ទីកន្លែង​ស្នាក់​នៅ​របស់​កម្មករ និង​ពលករ​ចំណាក​ស្រុក មក​ពី​បណ្តា​ខេត្ត​នានា ដែល​ពួក​គាត់​បាន​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​បណ្តុំ​ម៉ូលេគុល​យ៉ាង​សកម្ម​ដ៏​ចាំបាច់​មួយ​ ដើម្បី​ជំរុញ​នាវា​សេដ្ឋកិច្ច​កម្ពុជា​ ឲ្យ​មាន​កំណើន​ខ្ពស់​ប្រមាណ ៧​ភាគរយ ជា​បន្ត​បន្ទាប់​រហូត​មក និង​បន្ត​កើន​ឡើង​ទៅ​ឆ្នាំ​ខាង​មុខ​ត​ទៅ​ទៀត ៖

 

១-បន្ទប់​ស្នាក់​នៅ​តម្លៃ​៧០​ដុល្លារ នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ

នេះ​ជា​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​បន្ទប់​ស្នាក់​នៅ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ដោយ​មាន​ទំហំ​ប្រមាណ ​២,៥០ គុណ​៣​ម៉ែត្រ ដោយ​មាន​កម្រាល​ឥដ្ឋ​ការ៉ូ មាន​ជញ្ជាំង​បេតុង​អត់​លាប​ថ្នាំ ដំបូល​ស័ង្កសី និង​នៅ​ខាង​ក្នុង​មាន​កូន​បន្ទប់​ទឹក​តូច​មួយ​ផង​។ បន្ទប់​នេះ​ជួល​ក្នុង​តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ពុំ​គិត​បញ្ចូល​ពី​ការ​ប្រើប្រាស់​ថ្លៃ​ចរន្ត​អគ្គិសនី និង​ទឹក​ស្អាត​ទេ ដែល​ម្ចាស់​បន្ទប់​បាន​អះអាង​ថា ពួក​គាត់​ត្រូវ​ចំណាយ​បន្ថែម​ប្រហែល​ជិត​២០​ដុល្លារ​ទៀត​ក្នុង​មួយ​ខែ​។ ម្ចាស់​បន្ទប់​នេះ​ជា គូ​ស្វាមី​ភរិយា ដែល​មាន​កូន​ស្រី​ម្នាក់ ពួក​គាត់​មក​ពី​ខេត្ត​ស្វាយរៀង​។

ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​ពួក​គាត់​ចំណាយ​ពេល​តែ​ពេល​យប់ និង​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ដើម្បី​ស្នាក់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​។

ក្រៅ​ពី​នោះ​បុរស​ជា​ស្វាមី ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់ និង​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​កាត់​ដេរ នៅ​ឯ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ ចំណែក​ឯ​កូន​តូច​របស់​ពួក​គាត់​ពេល​ខ្លះ​យក​ទៅ​ផ្ញើ​នៅ​ជាមួយ​អ្នក​ជិត​ខាង និង​ភាគច្រើន​ទុក​នៅ​ជាមួយ​ឪពុក​ម្តាយ ឯ​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង​។ គូ​ស្វាមី​ភរិយា​ជា​ម្ចាស់​បន្ទប់​ជួល​នា​បច្ចុប្បន្ន​នេះ បាន​ប្រាប់​ថា ប្រាក់​ខែ​ជា​កម្មករ​សំណង់​បូក​រួម​ទាំង​ភរិយា របស់​គាត់​ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ​ផង​នោះ គឺ​មាន​ចំណូល​សរុប​ប្រមាណ​ពី​ជាង​២០០ ទៅ​៣០០​ដុល្លារ ក្នុង​មួយ​ខែ គឺ​បាន​ត្រឹម​ទប់ទល់​និង​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​ការ​រស់​នៅ​ក្នុង​ទីក្រុង​នេះ​តែ​ប៉ុណ្ណោះ​។

 

២-បន្ទប់​ស្នាក់​នៅ​តម្លៃ​៧៥​ដុល្លារ នៅ​ក្នុង​ខណ្ឌ​ប្ញស្សីកែវ

​បន្ទប់​ជួល​ស្នាក់​នៅ​នេះ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ជាប់​នឹង​ផ្លូវ​លំ​មួយ​នៅ​ក្នុង​ខណ្ឌ​ប្ញស្សីកែវ ដោយ​មាន​ទំហំ​ប្រមាណ​ ២,៥០ គុណ​ ២,៨០​ ម៉ែត្រ ដោយ​មាន​កម្រាល​បេតុង មាន​ជញ្ជាំង​ឈើ ដំបូល​ស័ង្កសី និង​មាន​កូន​បន្ទប់​ទឹក​តូច​មួយ​ផង​ដែរ​។ បន្ទប់​នេះ​ជួល​ក្នុង​តម្លៃ​៧៥​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ពុំ​គិត​បញ្ចូល​ពី​ការ​ប្រើ​ប្រាស់​ថ្លៃ​ចរន្ត​អគ្គិសនី និង​ទឹក។ ​

ម្ចាស់​បន្ទប់​នេះ​អះអាង​ថា គាត់​ត្រូវ​ចំណាយ​បន្ថែម​ប្រហែល​ជាង​ ២០ ​ដុល្លារ​ទៀត​ក្នុង​មួយ​ខែ​។ បច្ចុប្បន្ន​ម្ចាស់​បន្ទប់​នេះ​ជា​កម្មករ​កាត់​ដេរ និង​ឆ្លៀត​ពេល​ទំនេរ​ធ្វើ​ជា​ជាង​កាត់​ដេរ​បន្តិច​បន្តួច​នៅ​ឯ​បន្ទប់​ផ្ទាល់​របស់​គាត់។ ពួក​គាត់​ជា​ប្រជាជន​មក​ពី​ខេត្ត​កំពង់​ចាម​។ ម្ចាស់​បន្ទប់​ទាំង​ពីរ​រូប​នេះ​បាន​ត្អូញត្អែរ​ថា ចំណូល​ដែល​ពួក​គាត់​អាច​រក​បាន គឺ​ស្ទើរ​តែ​មិន​គ្រប់គ្រាន់​លើ​ការ​ចំណាយ​ផ្សេងៗ និង​បង់​ថ្លៃ​បន្ទប់​ផ្ទះ​ជួល​នេះ​ផង​។

 

៣-បន្ទប់​ស្នាក់​នៅ​តម្លៃ​៤០​ដុល្លារ នៅ​ក្នុង​ខណ្ឌ​ទួលគោក

សំណង់​ផ្ទះ​ឈើ​ចាស់​ទ្រុឌ​ទ្រោម នៅ​ប្រ៉ប​នឹង​ផ្លូវ​រថភ្លើង​ម្តុំ​បឹង​កក់ នៃ​ខណ្ឌ​ទួលគោក ក៏​មាន​បន្ទប់​ជួល​ស្នាក់​នៅ​ជាច្រើន​កន្លែង​ផង​ដែរ​។ ជាក់​ស្តែង​បន្ទប់​ជួល​ស្នាក់​នៅ​ស្ថិត​នៅ​លើ​ទឹក​នោះ​មាន​ទំហំ​ប្រមាណ​ ២ គុណ ​២,៥០​ ម៉ែត្រ ជា​សំណង់​ផ្ទះ​ឈើ​ដំបូល​ស័ង្កសី និង​គ្មាន​បន្ទប់​ទឹក​ឯកជន​នោះ​ទេ ដោយ​ពួក​គេ​ត្រូវ​ប្រើ​ប្រាស់​បន្ទប់​ទឹក​រួម​គ្នា​ជាមួយ​អ្នក​ជួល​បន្ទប់​ផ្សេងៗ​ទៀត​។

បន្ទប់​នេះ​មាន​តម្លៃ​ ៤០​ ដុល្លារ ក្នុង​មួយ​ខែ​ដោយ​ពុំ​គិត​បញ្ចូល​ពី​ការ​ប្រើ​ប្រាស់​ថ្លៃ​ចរន្ត​អគ្គីសនី និង​ទឹក​ទេ។ អ្នក​ជួល​រស់​នៅ​ត្រូវ​ចំណាយ​បន្ថែម​ប្រហែល​ជិត​១៥​ដុល្លារ​ទៀត​ក្នុង​មួយ​ខែៗ​។ ម្ចាស់​បន្ទប់​នេះ​ជា​ស្ត្រី​មេម៉ាយ​មក​ពី​ខេត្ត​ព្រៃវែង គាត់​មាន​កូន​នៅ​ក្នុង​បន្ទុក​បី​នាក់ ដោយ​ក្នុង​នោះ​កូន​ស្រី​របស់​គាត់​មួយ​រូប​បាន​ចូល​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ នៅ​ក្នុង​ខណ្ឌ​ប្ញស្សីកែវ​។

 

៤-បន្ទប់​ជួល​ស្នាក់​នៅ​តម្លៃ ៤០​ដុល្លារ នៅ​ក្នុង​ខណ្ឌ​សែនសុខ

ផ្ទះ​ជួល និង​បន្ទប់​ជួល​ស្នាក់​នៅ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លំ​តូច​ចង្អៀត សូម្បី​តែ​ម៉ូតូ​ពុំ​អាច​ចៀស​គ្នា​បាន​ផង​នេះ ដូច​ជា​មាន​លក្ខណៈ​សមរម្យ​បន្តិច ដោយ​មាន​ទំហំ​ផ្ទះ​ប្រមាណ ៣​គុណ​៥​ម៉ែត្រ ដោយ​មាន​កម្រាល​ឥដ្ឋការ៉ូ មាន​ជញ្ជាំង​បេតុង​លាប​ថ្នាំ ដំបូល​ស័ង្កសី និង​នៅ​ខាង​ក្នុង​មាន​កូន​បន្ទប់​ទឹក​តូច​ល្មម​មួយ​ផង​ដែរ​។ បន្ទប់​នេះ​ជួល​ក្នុង​តម្លៃ​ ៤០​ ដុល្លារ ក្នុង​មួយ​ខែ។

ចំណែក​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គិសនី គិត​តម្លៃ​តាម​ស្តង់ដារ​រដ្ឋ​ (ជុំវិញ ​១០០០ ​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង) ដោយ​រដ្ឋ​បាន​ត​ចរន្ត​អគ្គិសនី​ឲ្យ​ប្រើប្រាស់​បាន​រយៈ​ពេល​២​ខែ​កន្លង​មក​ហើយ​។ រីឯ​ថ្លៃ​ទឹក​គឺ១​ម៉ែត្រ​គុប​ថ្លៃ​២៥០០​រៀល ដោយ​ក្រុម​អ្នក​ជួល​បន្ទប់ ឬ​គ្រួសារ​នីមួយៗ​ត្រូវ​ចំណាយ​ប្រហែល​៧-៨​ដុល្លារ​ក្នុង​មួយ​ខែ​បន្ថែម​ទៀត។

ក្រុម​គ្រួសារ​ដែល​មាន​សមាជិក ៥​នាក់ រស់​នៅ​ក្នុង​បន្ទប់​ជួល​នេះ​គឺជា​ជន​ចំណាក​ស្រុក​មក​ពី​ខេត្ត​តាកែវ ពួក​គាត់​បាន​ចំណាយ​ពេល​មក​រស់​នៅ និង​ប្រកប​ការងារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រមាណ​១២​ឆ្នាំ​មក​ហើយ​។

ជា​ទូទៅ​ក្រុម​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ដែល​មួយ​ចំនួន​ធំ​ពួក​គេ​បានធ្វើ​ចំណាក​ស្រុក​មក​ពី​ខេត្ត​តាកែវ ព្រៃវែង ស្វាយរៀង និង​ខេត្ត​កំពង់ធំ​។ ពួក​គាត់​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កម្មករ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​ស្បែក​ជើង នៅ​ក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ​នោះ​តែ​ម្តង​៕

  

http://www.postkhmer.com/

Posted Date : 09-09-2016