MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
វិនិយោគិន​ចិន​មាន​បំណង​សាងសង់​ទីក្រុង​ទំនើប​ដ៏​ធំ​មួយ​នៅ​កម្ពុជា Posted Date : 16-06-2016
រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ជនជាតិ​ចិន បាន​មក​ទស្ស​និ​កិច្ច​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​ប្រទេស​កម្ពុជា និង​គ្រោង​សាងសង់​ទីក្រុង​ទំនើប​ដ៏​ធំ​មួយ ដែល​អាច​ឲ្យ​ប្រជាជន​រស់នៅ​បាន​ប្រមាណ​២​លាន​នាក់ ឬ​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ភ្នំពេញ​ដែរ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ក្នុង​ជំនួប​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​វិនិយោគិន​ចិន​រូប​នេះ។ យ៉ាងណា​ក៏​ដោយ អ្នកវិភាគ និង​ប្រឹក្សា​យោបល់​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ហាក់ដូចជា​មិនសូវ​ជឿជាក់​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ​នៅឡើយ​ទេ ដោយសារ​តែ​គម្រោង​នេះ​វា​មាន​វិសាលភាព​ធំធេង​ពេក ។
 
លោក យ៉ាង កូវ​ឆាំង នាយក​ក្រុមហ៊ុន Country Golden Holding របស់​ប្រទេស​ចិន បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី ២៦ ឧសភា ២០១៦ ។
 
មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​នោះ លោក យ៉ាង កូវ​ឆាំង បាន​ជម្រាប​ជូន​សម្ដេច​ថា ៖ « នេះ​ជា​លើក​ដំបូង​ដែល​លោក​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​លទ្ធភាព​ដើម្បី​វិនិយោគ​ការ​សាងសង់​ទីក្រុង​ទំនើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទីក្រុង​នេះ​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​ប្រមាណ​២​លាន​នាក់ » ។ លោក​បន្ដ​ថា ៖ «​ក្រុមហ៊ុន​របស់​លោក​មាន​ថវិកា​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​វិនិយោគ ហើយ​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន Country Golden Holidngs បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ការ​សាងសង់ ទីក្រុង​ទំនើប​មួយ ដែល​អាច​ឲ្យ​មនុស្ស​ស្នាក់​នៅ​ប្រមាណ​២​លាន​នាក់ ហើយ​ទីក្រុង​នោះ​កំពុង​សាងសង់​នៅ​ជាប់​ព្រំប្រទល់​រវាង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ផង​ដែរ » ។
 
លោក​បន្ត​ថា ដោយ​ទទួល​បាន​ភាព​ជោគជ័យ និង​គាំទ្រ​សម្រាប់​គំរោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​បែប​នេះ ទើប​ក្រុមហ៊ុន​របស់​លោក​មាន​បំណង​សាងសង់​ទីក្រុង​នេះ​មួយទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ន័យ​នេះ លោក​យ៉ាង បាន​សុំ​អនុសាសន៍​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​លទ្ធភាព​សាង់សង់​ទីក្រុង​ដូច​គ្នា​នឹង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​រំដោះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ផង និង​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​លក្ខណៈ​ទំនើប និង​មាន​សោភ័ណ​ភាពល្អ​ផង ។
 
ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​សិក្សា​ស្វែង​យល់​ការ​វិនិយោគ​បង្កើត​ទីក្រុង​មួយ​ដ៏​ទំនើប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
 
ក្នុង​នោះ​សម្តេច​បាន​ផ្តល់​អនុសាសន៍​ឲ្យ​លោក​យ៉ាង កូវ​ឆាំង ធ្វើការ​សិក្សា​លើ​គម្រោង​ប្លង់​មេ របស់​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែង​យល់​តំបន់​ណា ដែល​អាច​សង់​សង់​ទីក្រុង​បាន និង​តំបន់​ណា​មិន​អាច​សាងសង់​បាន ដោយ​សម្តេច សូម​ឲ្យ​លោក​យ៉ាង កូវ​ឆាំង ធ្វើការ​ពិភាក្សា​លម្អិត​ជាមួយ​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាង​សិក្សា​ឲ្យ​បាន​លម្អិត មុន​នឹង​ធ្វើការ​វិនិយោគ ព្រោះ​វា​គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ ដែល​អាច​ជួយ​រួមចំណែក ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ។
 
ដោយឡែក ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ដែរ លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ហាក់ដូចជា​មិនសូវ​ជឿជាក់​ទៅ​លើ​គម្រោង​សាងសង់​ទីក្រុង​ទំនើប​ដែល​អាច​ឲ្យ​មនុស្ស​រស់នៅ​រហូត​ដល់​២​លាន​នាក់​ប៉ុន្មាន​នោះ​ទេ ។
 
លោក​គី​ម ហ៊ា​ង មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា ៖ « ខ្ញុំ​អត់​ជឿ ! សង់​ទីក្រុង​ឲ្យ​មនុស្ស​រស់នៅ​២​លាន​នាក់ ? សព្វ​ថ្ងៃនេះ​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​រស់នៅ​តែ​ប្រមាណ​៣​លាន​នាក់​ហ្នឹង ហើយ​គាត់​ចង់​សង់​ទីក្រុង​ឲ្យ​មនុស្ស​រស់នៅ​២​លាន​នាក់ តើ​យក​មនុស្ស​ពី​ណា​មក​ដាក់ » ។
 
លោក​បន្ត​ថា ការ​សាងសង់​ទីក្រុង​ដែល​ឲ្យ​មនុស្ស​រស់នៅ​២​លាន​នាក់ មិន​អាច​កើតឡើង​បាន​ភ្លាម​ៗ​នោះ​ទេ ។ បើសិនជា​សិក្សា​ពី​ឥឡូវ​ទៅ វា​នឹង​អាច​កើត​មាននៅ​១០​ទៅ​២០​ឆ្នាំ​ក្រោយ ។ ម្យ៉ាងទៀត វា​ក៏​ពិបាក​រក​មនុស្ស​មក​រស់នៅ​ឲ្យ​បាន​២​លាន​នាក់​ណាស់ ព្រោះ​ក្នុង​ប្រទេស​កម្ពុជា មួយ​ខេត្ត​មាន​ប្រជាជន​ប្រមាណ​តែ​១​លាន​នាក់ ឬ​មិន​ដល់​១​លាន​នាក់​ផង រឿង​អី​ដែល​ទីក្រុង​មួយ​២​លាន​នាក់ ។ គម្រោង​នេះ​វា​អាច​កើតឡើង​នៅ​ពេល​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​ចាប់ពី​១០​លាន​នាក់​ឡើង​ទៅ ហើយ​គម្រោង​នេះ​ក៏​វា​លឿន​ពេក​ដែរ ។
 
ទោះបី​យ៉ាងណា​ក៏​ដោយ លោក គី​ម ហ៊ា​ង បាន​បន្ថែម​ថា បើសិនជា​គម្រោង​នេះ​កើត​មាន​ឡើង​នៅ​ពេល​ឆាប់​ៗ សូម​ឲ្យ​មានការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​។ បើ​គម្រោង​នេះ​កើតឡើង​មែន ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី អាច​នឹង​សប្បាយចិត្ត ព្រោះ​លក់​ដី​បាន​លុយ​ច្រើន តែ​បន្ទាប់​ពី​បាន​លុយ​ចាយ​នោះ ក្រោយមក​អាច​នឹង​ទឹកភ្នែក ព្រោះ​អស់​ដី អត់​កន្លែង​រស់នៅ ឬ​អត់​ការងារ​ច្បាស់លាស់​ជាដើម​។
 
ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ពី​ទីតាំង​ដែល​សម​ស្រប​គួរ​សាងសង់​គម្រោង​ដ៏​ធំ​នេះ​ផង​ដែរ ដោយ​លោក​បន្ថែម​ថា ៖ « តាម​ទស្សនៈ​ខ្ញុំ ទីតាំង​ដែល​ស័ក្តិសម​សម្រាប់​សាងសង់​គម្រោង​ទីក្រុង​ទំនើប​នេះ​អាច​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ ព្រោះ​ទីតាំង​នោះ​នៅ​ទូលាយ ហើយ​ស្ថានភាព​ដី​ក៏​វា​អំណោយផល​សម្រាប់​សាងសង់ ម្យ៉ាងទៀត វា​ក៏​នៅ​មិន​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ប៉ុន្មាន​ដែរ » ។
 
គួរ​បញ្ជាក់​ថា គម្រោង​សាងសង់​ទីក្រុង​ទំនើប​របស់​ចិន​នៅ​កម្ពុជា​នេះ នៅ​មិន​ទាន់​ដឹង​ថា នឹង​សាងសង់​នៅ​ទីតាំង​ណា​ពិតប្រាកដ ហើយនឹង​ត្រូវ​លេច​រូបរាង​ពិតប្រាកដ ឬ​យ៉ាងណា​នោះ​ទេ ព្រោះថា​វិ​និ​យោ​គិត​ចិន​រូប​នេះ ទើបតែ​មាន​បំណង​មក​សិក្សា និង​ស្វែង​យល់​ប៉ុណ្ណោះ​។ យ៉ាងណា​ក៏​ដោយ កាលពី​ពេល​ថ្មី​ៗ​នេះ គម្រោង​ទីក្រុង​រណប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​វិនិយោគ​ដោយ​វិនិយោគិន​សិង្ហ​បុរី បាន​និង​កំពុង​សាងសង់​ជា​បណ្ដើរ​ៗ​ហើយ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ហើយ​ក៏​មិន​ទាន់​ដឹង​ថា គម្រោង​ទីក្រុង​រណប​នោះ ទទួល​បាន​ជោគជ័យ​កម្រិត​ណា​ដែរ ៕
 

https://www.kohsantepheapdaily.com.kh/article/145169.html