លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានជាប់ឆ្នោត បន្តធ្វើជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់អាណត្តិទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ការបោះឆ្នោតជ្រើសតាំងលោកឧកញ៉ា លី ហួរ បន្តធ្វើជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់អាណត្តិទី២ បានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងមហាសន្និបាត លើកទី២ និងបោះឆ្នោតជ្រើសតាំងប្រធានសមាគម អាណត្តិទី២។
តាមលក្ខន្តិកៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន អាចកាន់តំណែង បានពីរអាណត្តិ។ ក្នុង១អាណត្តិ មានរយៈពេល៣ឆ្នាំ។
បន្ទាប់ពីជាប់ឆ្នោត ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់អាណត្តិទី២ លោកឧកញ៉ា លី ហួរ បានដាក់ចេញនូវទិសដៅ និងផែនការយុទ្ធសាស្ត្រ ៧ចំណុច ដូចតទៅ៖
១-ពង្រីកកិត្យានុភាព របស់សមាគម ឲ្យអ្នកវិនិយោគសំណង់ក្នុងស្រុក និងអន្ដរជាតិ បានស្គាល់កាន់តែខ្លាំង។
២-ទាក់ទាញក្រុមហ៊ុនវិនិយោគសំណង់លំនៅឋានថ្មីៗ ចូលជាសមាជិកសមាគម ឲ្យបានជាអតិបរិមា។
៣-បង្កើតវេទិកាធុរកិច្ចក្នុងស្រុកសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័ន ដែលពាក់ព័ន្ធទាំងក្របខណ្ឌសមាគម និងសមាគម ស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងស្រុក និងអន្ដរជាតិ ។
៤-ពង្រឹងផ្ទៃក្នុងសមាគមឲ្យកាន់តែរឹងមាំ តាមរយៈការរៀបចំប្រជុំផ្ទៃក្នុង ធ្វើសន្និបាតវិសាមញ្ញ ពិភាក្សាពីបញ្ហានានា ដែលធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគរបស់សមាជិក-សមាជិកា។
៥-បង្កើតយន្ដការភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលមានភាគីពាក់ព័ន្ធ និងទទួលខុសត្រូវ តាមវិស័យនីមួយៗ ដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថាប័នមួយចំនួនទៀត។
៦-បង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យអចលនទ្រព្យ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។
៧-រៀបចំដំណើរទស្សនកិច្ច កិច្ចប្រជុំ ចូលរួមសន្និបាត ជូនសមាជិក-សមាជិកា ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងសំណង់ថ្មីៗ នៅក្នុងតំបន់ និងអន្ដរជាតិ។
សូមរម្លឹកថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំមហាសន្និបាត លើកទី២ និងបោះឆ្នោតជ្រើសតាំងប្រធានសមាគម អាណត្តិទី២ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។
ពិធីបើកមហាសន្និបាតនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងអនុប្រធាន និងសមាជិកសមាជិកសមាគម។ ក្នុងនោះ ក៏មានវត្តមានរបស់លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបន្ទុកគណៈកម្មាធិការចំពោះកិច្ចផងដែរ។
ពិធីបិទមហាសន្និបាត លើកទី២ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្តិទី១ ក្រោមការដឹកនាំរបស់លោកឧកញ៉ា លី ហួរ បានសម្រេចការងារច្រើន ក្នុងនោះមានទាំងការទទួលបានពានរង្វាន់កម្រិតអាស៊ាន និងបានចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ-សំណង់ នៅកម្ពុជាផងដែរ៕


















