តម្លៃបន្ទប់ជួលសម្រាប់កម្មករ និងពលករចំណាកស្រុកមកពីតាមបណ្តាខេត្តនានានៅទីក្រុងភ្នំពេញ
ទន្ទឹមនឹងកំណើនចំនួនកម្មករ និងពលករចំណាកស្រុកជាច្រើនបានសម្រុកចូលមកស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ តម្រូវការនៃទីកន្លែងស្នាក់នៅពិតជារឿងចាំបាច់សម្រាប់ជនបំផ្លាស់ទីទាំងនោះ។ ប៉ុន្តែ កំណើនសំណង់លំនៅឋានជាច្រើនដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនៅរាជធានីនេះហាក់មានសញ្ញាណផ្តោតតែទៅលើប្រភេទលើសពីកម្រិតមធ្យម និងប្រភេទប្រណីតប៉ុណ្ណោះ ព្រោះទាំងក្រុមអ្នកវិនិយោគទុនក្នុងស្រុក និងវិនិយោគិនចម្រុះជាតិសាសន៍ ហាក់ដូចជាគ្មាននរណាចាប់អារម្មណ៍អើពើពីការវិនិយោគលំនៅឋានតម្លៃសមរម្យ ខណៈដែលកម្មករ និងពលករទាំងឡាយ បានទាមទារឲ្យរដ្ឋធ្វើការវិនិយោគសាធារណៈសម្រាប់សំណង់ផ្ទះសំបែងមានតម្លៃសមរម្យសម្រាប់ប្រជាជនក្រីក្រ។
កម្មករ និងពលករចំណាកស្រុកជាច្រើនដែលភ្នំពេញប៉ុស្តិ៍ អចលទ្រព្យ បានជួបសម្ភាសសុទ្ធសឹងតែសំណូមពរដោយទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ជួយទប់ស្កាត់កុំឲ្យម្ចាស់ផ្ទះ បន្ទប់ និងទំនិញ សព្វសារពើរទាំងនោះឡើងថ្លៃខ្លាំងពេក ព្រោះការទទួលបានពីការទាមទារការដំឡើងប្រាក់ខែនាពេលកន្លងមក វាហាក់បីដូចជា «ពួកខ្ញុំជាកម្មករទាំងអស់គ្នានេះ អត់ទទួលបានកម្រៃអ្វីសោះឡើយ ព្រោះត្រូវបង់ថ្លៃផ្ទះឡើងថ្លៃ និងទំនិញផ្សេងៗទៀតក៏ឡើងថ្លៃដែរ នោះ គឺវាអស់ល្មមតែម្តង។ ពួកយើងអត់មានបានកម្រៃអ្វីពីការឡើងប្រាក់ខែនោះទេ»។
បុរស និងស្ត្រី វ័យជាង៣០ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ បានអះអាងថា ៖ «រដ្ឋាភិបាលហាក់ដូចបំភ្លេចពួកយើងជាកម្មករថា ពុំមែនជាមនុស្ស ឬប្រជាជនកម្ពុជាទេ»។ ពួកគេក៏សំណូមពរផងដែរ បើរដ្ឋមានលទ្ធភាព គួរពិចារណាក្នុងការសាងសង់ជាលំនៅឋានមានតម្លៃថោកៗសម្រាប់ប្រជាជនក្រីក្រ ឬពលករចំណាកស្រុកឲ្យបានច្រើនកន្លែងផងដែរ។
ខាងក្រោមនេះ គឺជារូបភាពខ្លះៗនៃទីកន្លែងស្នាក់នៅរបស់កម្មករ និងពលករចំណាកស្រុក មកពីបណ្តាខេត្តនានា ដែលពួកគាត់បានភ្ជាប់ខ្លួនទៅក្នុងបណ្តុំម៉ូលេគុលយ៉ាងសកម្មដ៏ចាំបាច់មួយ ដើម្បីជំរុញនាវាសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនខ្ពស់ប្រមាណ ៧ភាគរយ ជាបន្តបន្ទាប់រហូតមក និងបន្តកើនឡើងទៅឆ្នាំខាងមុខតទៅទៀត ៖
១-បន្ទប់ស្នាក់នៅតម្លៃ៧០ដុល្លារ នៅក្នុងខណ្ឌប្ញស្សីកែវ
នេះជាទិដ្ឋភាពជាក់ស្តែងនៃបន្ទប់ស្នាក់នៅស្ថិតនៅជាន់ផ្ទាល់ដីដោយមានទំហំប្រមាណ ២,៥០ គុណ៣ម៉ែត្រ ដោយមានកម្រាលឥដ្ឋការ៉ូ មានជញ្ជាំងបេតុងអត់លាបថ្នាំ ដំបូលស័ង្កសី និងនៅខាងក្នុងមានកូនបន្ទប់ទឹកតូចមួយផង។ បន្ទប់នេះជួលក្នុងតម្លៃ៧០ដុល្លារក្នុងមួយខែ ដោយពុំគិតបញ្ចូលពីការប្រើប្រាស់ថ្លៃចរន្តអគ្គិសនី និងទឹកស្អាតទេ ដែលម្ចាស់បន្ទប់បានអះអាងថា ពួកគាត់ត្រូវចំណាយបន្ថែមប្រហែលជិត២០ដុល្លារទៀតក្នុងមួយខែ។ ម្ចាស់បន្ទប់នេះជា គូស្វាមីភរិយា ដែលមានកូនស្រីម្នាក់ ពួកគាត់មកពីខេត្តស្វាយរៀង។
ពួកគាត់បានឲ្យដឹងថា ភាគច្រើនពួកគាត់ចំណាយពេលតែពេលយប់ និងថ្ងៃឈប់សម្រាកប៉ុណ្ណោះដើម្បីស្នាក់នៅក្នុងបន្ទប់របស់ខ្លួន។
ក្រៅពីនោះបុរសជាស្វាមី ទៅធ្វើការជាកម្មករសំណង់ និងស្ត្រីជាប្រពន្ធទៅធ្វើការជាកម្មការិនីកាត់ដេរ នៅឯរោងចក្រកាត់ដេរមួយកន្លែងនៅក្នុងខណ្ឌប្ញស្សីកែវ ចំណែកឯកូនតូចរបស់ពួកគាត់ពេលខ្លះយកទៅផ្ញើនៅជាមួយអ្នកជិតខាង និងភាគច្រើនទុកនៅជាមួយឪពុកម្តាយ ឯស្រុកកំណើតនៅខេត្តស្វាយរៀង។ គូស្វាមីភរិយាជាម្ចាស់បន្ទប់ជួលនាបច្ចុប្បន្ននេះ បានប្រាប់ថា ប្រាក់ខែជាកម្មករសំណង់បូករួមទាំងភរិយា របស់គាត់ជាកម្មការិនីរោងចក្រកាត់ដេរផងនោះ គឺមានចំណូលសរុបប្រមាណពីជាង២០០ ទៅ៣០០ដុល្លារ ក្នុងមួយខែ គឺបានត្រឹមទប់ទល់និងការចំណាយផ្សេងៗសម្រាប់ការរស់នៅក្នុងទីក្រុងនេះតែប៉ុណ្ណោះ។
២-បន្ទប់ស្នាក់នៅតម្លៃ៧៥ដុល្លារ នៅក្នុងខណ្ឌប្ញស្សីកែវ
បន្ទប់ជួលស្នាក់នៅនេះស្ថិតនៅជាន់ផ្ទាល់ដីជាប់នឹងផ្លូវលំមួយនៅក្នុងខណ្ឌប្ញស្សីកែវ ដោយមានទំហំប្រមាណ ២,៥០ គុណ ២,៨០ ម៉ែត្រ ដោយមានកម្រាលបេតុង មានជញ្ជាំងឈើ ដំបូលស័ង្កសី និងមានកូនបន្ទប់ទឹកតូចមួយផងដែរ។ បន្ទប់នេះជួលក្នុងតម្លៃ៧៥ដុល្លារក្នុងមួយខែ ដោយពុំគិតបញ្ចូលពីការប្រើប្រាស់ថ្លៃចរន្តអគ្គិសនី និងទឹក។
ម្ចាស់បន្ទប់នេះអះអាងថា គាត់ត្រូវចំណាយបន្ថែមប្រហែលជាង ២០ ដុល្លារទៀតក្នុងមួយខែ។ បច្ចុប្បន្នម្ចាស់បន្ទប់នេះជាកម្មករកាត់ដេរ និងឆ្លៀតពេលទំនេរធ្វើជាជាងកាត់ដេរបន្តិចបន្តួចនៅឯបន្ទប់ផ្ទាល់របស់គាត់។ ពួកគាត់ជាប្រជាជនមកពីខេត្តកំពង់ចាម។ ម្ចាស់បន្ទប់ទាំងពីររូបនេះបានត្អូញត្អែរថា ចំណូលដែលពួកគាត់អាចរកបាន គឺស្ទើរតែមិនគ្រប់គ្រាន់លើការចំណាយផ្សេងៗ និងបង់ថ្លៃបន្ទប់ផ្ទះជួលនេះផង។
៣-បន្ទប់ស្នាក់នៅតម្លៃ៤០ដុល្លារ នៅក្នុងខណ្ឌទួលគោក
សំណង់ផ្ទះឈើចាស់ទ្រុឌទ្រោម នៅប្រ៉បនឹងផ្លូវរថភ្លើងម្តុំបឹងកក់ នៃខណ្ឌទួលគោក ក៏មានបន្ទប់ជួលស្នាក់នៅជាច្រើនកន្លែងផងដែរ។ ជាក់ស្តែងបន្ទប់ជួលស្នាក់នៅស្ថិតនៅលើទឹកនោះមានទំហំប្រមាណ ២ គុណ ២,៥០ ម៉ែត្រ ជាសំណង់ផ្ទះឈើដំបូលស័ង្កសី និងគ្មានបន្ទប់ទឹកឯកជននោះទេ ដោយពួកគេត្រូវប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយអ្នកជួលបន្ទប់ផ្សេងៗទៀត។
បន្ទប់នេះមានតម្លៃ ៤០ ដុល្លារ ក្នុងមួយខែដោយពុំគិតបញ្ចូលពីការប្រើប្រាស់ថ្លៃចរន្តអគ្គីសនី និងទឹកទេ។ អ្នកជួលរស់នៅត្រូវចំណាយបន្ថែមប្រហែលជិត១៥ដុល្លារទៀតក្នុងមួយខែៗ។ ម្ចាស់បន្ទប់នេះជាស្ត្រីមេម៉ាយមកពីខេត្តព្រៃវែង គាត់មានកូននៅក្នុងបន្ទុកបីនាក់ ដោយក្នុងនោះកូនស្រីរបស់គាត់មួយរូបបានចូលបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ នៅក្នុងខណ្ឌប្ញស្សីកែវ។
៤-បន្ទប់ជួលស្នាក់នៅតម្លៃ ៤០ដុល្លារ នៅក្នុងខណ្ឌសែនសុខ
ផ្ទះជួល និងបន្ទប់ជួលស្នាក់នៅដែលស្ថិតនៅតាមផ្លូវលំតូចចង្អៀត សូម្បីតែម៉ូតូពុំអាចចៀសគ្នាបានផងនេះ ដូចជាមានលក្ខណៈសមរម្យបន្តិច ដោយមានទំហំផ្ទះប្រមាណ ៣គុណ៥ម៉ែត្រ ដោយមានកម្រាលឥដ្ឋការ៉ូ មានជញ្ជាំងបេតុងលាបថ្នាំ ដំបូលស័ង្កសី និងនៅខាងក្នុងមានកូនបន្ទប់ទឹកតូចល្មមមួយផងដែរ។ បន្ទប់នេះជួលក្នុងតម្លៃ ៤០ ដុល្លារ ក្នុងមួយខែ។
ចំណែកថ្លៃប្រើប្រាស់ចរន្តអគ្គិសនី គិតតម្លៃតាមស្តង់ដាររដ្ឋ (ជុំវិញ ១០០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង) ដោយរដ្ឋបានតចរន្តអគ្គិសនីឲ្យប្រើប្រាស់បានរយៈពេល២ខែកន្លងមកហើយ។ រីឯថ្លៃទឹកគឺ១ម៉ែត្រគុបថ្លៃ២៥០០រៀល ដោយក្រុមអ្នកជួលបន្ទប់ ឬគ្រួសារនីមួយៗត្រូវចំណាយប្រហែល៧-៨ដុល្លារក្នុងមួយខែបន្ថែមទៀត។
ក្រុមគ្រួសារដែលមានសមាជិក ៥នាក់ រស់នៅក្នុងបន្ទប់ជួលនេះគឺជាជនចំណាកស្រុកមកពីខេត្តតាកែវ ពួកគាត់បានចំណាយពេលមករស់នៅ និងប្រកបការងារនៅក្នុងទីក្រុងភ្នំពេញ ប្រមាណ១២ឆ្នាំមកហើយ។
ជាទូទៅក្រុមអ្នកជួលបន្ទប់ស្នាក់នៅនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមួយចំនួនធំពួកគេបានធ្វើចំណាកស្រុកមកពីខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ធំ។ ពួកគាត់ភាគច្រើនសុទ្ធតែជាកម្មកររោងចក្រកាត់ដេរ និងរោងចក្រផលិតស្បែកជើង នៅក្នុងតំបន់នៃខណ្ឌសែនសុខនោះតែម្តង៕
http://www.postkhmer.com/