គម្រោង Gold Tower ៤២ជាន់ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុនេះ ត្រូវបានបោះទុនសាងសង់នៅឆ្នាំ២០០៨ តែក្រោយមកគម្រោងនេះបានផ្អាកសកម្មភាពជាច្រើនលើក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននានា ក្រុមហ៊ុនបានផ្អាកការសាងសង់ជាលើកដំបូងនៅឆ្នាំ២០០៩ ក្រោយមកនៅឆ្នាំ២០១២ ហើយចុងក្រោយនៅឆ្នាំ២០១៥ បន្ទាប់ពីបើកឲ្យដំណើរការសាងសង់វិញនៅឆ្នាំ២០១៣ ។ ជាលទ្ធផល ក្រុមហ៊ុន Yon Woo របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកូរ៉េនេះ សម្រេចការសាងសង់របស់ខ្លួនត្រឹមកម្ពស់ ៣២ជាន់ប៉ុណ្ណោះ។ ក្រសួងរៀបចំដែនដី បានកោះអញ្ជើញក្រុមហ៊ុនជាច្រើនលើក ដើម្បីជំរុញការសាងសង់បញ្ចប់គម្រោង។
លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Mekong Century21 បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា ភាពនៅទ្រឹងនៃគ្រោងអគារនេះ នឹងធ្វើឲ្យប៉ះពាល់មួយផ្នែកដល់សោភណភាពទីក្រុង ប៉ុន្តែគម្រោងនេះមិនប៉ះពាល់ជាដុំកំភួនដល់វិស័យអចលនទ្រព្យនោះទេ។«ខ្ញុំគិតថាវាប៉ះពាល់ខ្លះដល់សម្រស់ទីក្រុង តែវាគ្រាន់តែជាអគារមួយក្នុងចំណោមអគាររាប់រយ ហើយវាអត់ដំណើរការសាងសង់យូរមកហើយ ខ្ញុំមិនគិតថាវាប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនោះទេ»។ បើតាមប្រធានក្រុមហ៊ុនអចលនទ្រព្យរូបនេះ ក្រសួងគួរតែអន្តរាគមន៍ក្នុងគម្រោងនេះ ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ដែលអាចឲ្យក្រុមហ៊ុនបញ្ចប់គម្រោងរបស់ខ្លួន៕
https://thmeythmey.com/