ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះបានព្យាករថា នៅឆ្នាំ2017 ខាងមុខ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងធ្លាក់ចុះបន្ដិច បើធៀបទៅនឹងឆ្នាំ2016 ដែលបញ្ហានេះបានធ្វើឱ្យអ្នកប្រកបអាជីវកម្មមួយចំនួនមានការបារម្ភ និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងទៅលើប្រតិបត្ដិការរបស់ខ្លួន ព្រោះអាជីវកម្មមួយចំនួនកំពុងត្រូវការទុនបង្វិលពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុដែរថា អាចនឹងមានការរឹតបន្ដឹងទៅលើការផ្ដល់ប្រាក់កម្ចី ។
លោក ហុង ជៀប នាយកគ្រប់គ្រងហានិភ័យនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានមានប្រសាសន៍ថា៖ “បើទោះបីជាមានការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះមកនៅត្រឹមអត្រា6.9% ខ្ញុំគិតថាវានៅតែជាអត្រាល្អ និងមិនមានការព្រួយបារម្ភខ្លាំងនោះទេ តែយើងរង់ចាំមើលទាំងអស់គ្នាថា ការធ្លាក់ចុះនោះវាធ្លាក់ចុះដោយសារកត្តារួមផ្សំមួយណា។ ដូច្នេះបើទោះបីជាសេដ្ឋកិច្ចធ្លាក់បន្ដិចមែនប៉ុន្ដែវាក៏មិនជះឥទ្ធិពលអ្វីធំដុំដល់យើងដែរ។ សម្រាប់ធនាគារ CIMB ដោយសារតែយើងមានការគ្រប់គ្រងបានល្អ ដូច្នេះអត្រាឥណទានមានបញ្ហាមានកម្រិតទាប ហើយយើងនៅតែផ្ដោតលើការផ្ដល់កម្ចីឥណទានដដែល បើទោះបីជាយើងបារម្ភអំពីបញ្ហាផ្តល់ផលអាក្រក់ដល់វិស័យធនាគារ ដែលបណ្តាលមកពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច តែយើងក៏រំពឹងផងដែរថា វានឹងផ្តល់ឱកាសល្អក្នុងការពង្រីកអាជីវកម្មរបស់យើង។
.jpg)
លោក ញ៉ក់ គឹមស្រូយ
នាយកគ្រប់គ្រងហានិភ័យនៃធនាគារខាងលើ បានលើកឡើងថា ប្រសិនបើសង្កេតទៅលើប្រទេសក្នុងតំបន់អាស៊ាន គឺពុំមានប្រទេសច្រើនទេដែលមានកំណើនសេដ្ឋកិច្ចល្អដូចកម្ពុជា។ ស៊ីអាយអិមប៊ីជាធនាគារថ្នាក់តំបន់ដែលមានប្រភពមកពីប្រទេសម៉ាឡេស៊ី ដូច្នេះការគ្រប់គ្រង ការត្រួតពិនិត្យមានប្រសិទ្ធភាព និងមានលក្ខណៈល្អប្រសើរ ដូចជាដំណើរការផ្ដល់ឥណទានជាដើម។ នៅត្រឹមចុងឆ្នាំ2015 ធនាគារ ស៊ីអាយអិមប៊ី នៅកម្ពុជា មានឥណទានខូចត្រឹម0.05% ដែលជាអត្រាមួយទាប គ្រាដែលធនាគារពាណិជ្ជទាំងអស់មានអត្រាឥណទាន ខូចប្រហែលជា1,9%។
លោកបានបន្ថែមថា មូលហេតុជារួមដែលធ្វើឱ្យឥណទានខូចភាគច្រើន ដោយសារតែអ្នកដែលខ្ចីលុយ ខ្ចីច្រើនជ្រុលលើសពីសមត្ថភាព និងចរន្ដសាច់ប្រាក់របស់ខ្លួនក្នុងការទូទាត់សងត្រឡប់មកធនាគារវិញ។ ចំណុចមួយចំនួនដែលអ្នកខ្ចីប្រាក់ពីធនាគារត្រូវមានការប្រុងប្រយ័ត្នជាងមុន នៅក្នុងបរិបទបច្ចុប្បន្នដែលមានការផ្លាស់ប្តូរខ្លាំង គឺថាអ្នកខ្ចីមិនត្រូវខ្ចីបំណុលច្រើន ហើយប្រើប្រាស់ខុសពីអាជីវកម្មចម្បងរបស់ខ្លួននោះទេ ហើយត្រូវកត់សម្គាល់ថា ថ្លៃនៅលើទីផ្សារមានការផ្លាស់ប្តូរខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ដូចជាតម្លៃប្រេងឥន្ធនៈ តម្លៃផលិតផលកសិកម្មជាពិសេសកៅស៊ូ និងតម្លៃអចលនទ្រព្យ។ល។
ជាទូទៅទាំងធនាគារ និងអតិថិជនសុទ្ធតែរំពឹងថា អាជីវកម្មរបស់ពួកគាត់នឹងមានការរីកចម្រើន ដោយគ្មាននរណាអាចដឹងមុនថានឹងមានផលអាក្រក់កើតឡើងចំពោះអាជីវកម្មឡើយ ដែលទាមទារឱ្យខាងធនាគារ និងអ្នកខ្ចីត្រូវសហការគ្នាឱ្យបានល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងធនាគារត្រូវធ្វើការផ្តល់យោបល់ណែនាំឱ្យអតិថិជនប្រើប្រាស់បំណុលពីធនាគារឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
នាយកគ្រប់គ្រងហានិភ័យនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បន្ដថា ស៊ីអាយអិមប៊ីកម្ពុជា គឺជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលមានការរីកចម្រើនខ្លាំងនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម។ ជាធម្មតាគេមានបទពិសោធន៍ច្រើន ដូច្នេះទើបធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសកម្ពុជា បានយកបទពិសោធន៍ពីគេយករៀបចំដំណើរការឱ្យបានល្អ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
.jpg)
លោក ហុង ជៀប
លោកបន្ថែមថា ដើម្បីគ្រប់គ្រងឥណទានឱ្យបានល្អ វាតម្រូវឱ្យធនាគារធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ តាំងពីដំណាក់កាលសិក្សាពីការអនុម័តឥណទាន រហូតដល់ក្រោយពេលឥណទានត្រូវបានបញ្ចេញ។ មុននឹងអនុម័តឥណទាន យើងត្រូវសិក្សាពីអតិថិជន តើគាត់មានចំណូលមកពីណា? គាត់ខ្ចីគេច្រើន ឬទេ? មានលទ្ធភាពសង ឬអត់? ពិសេសគាត់បានយកទុនដែលខ្ចីពីធនាគារទៅប្រើចំគោលដៅដូចអ្វីដែលគាត់បានប្រាប់មកយើងឬអត់? ក្រោយពេលបញ្ចេញទុនយើងត្រូវពិនិត្យជារៀងរាល់ខែតើគាត់សងទៀងទាត់ ឬអត់ បើមានការសងយឺតយ៉ាវ យើងត្រូវជជែកជាមួយគាត់ពីឫសគល់នៃបញ្ហា ដើម្បីរកដំណោះស្រាយ ព្រោះយើងផ្ដល់ទុនឱ្យគាត់ចង់ឱ្យគាត់ យកទៅប្រើប្រាស់ចំគោលដៅមានការរីកចម្រើន។ ខ្ញុំជឿថាគ្មានធនាគារមួយណាចង់ឱ្យអតិថិជនគ្មានលទ្ធភាពសងដើម្បីរឹបអូសយកផ្ទះសម្បែងពួកគាត់ទេ ដូច្នេះយើងត្រូវពិនិត្យតាមដានតាំងពីពេលដែលផ្ដល់ទុនរហូតដល់អតិថិជនសងរួចរាល់។
លោក ញ៉ក់ គឹមស្រូយ ប្រធាននាយកប្រតិបត្ដិរងជាន់ខ្ពស់នៃធនាគារភ្នំពេញពាណិជ្ជ PPCB បានលើកឡើងថា ធនាគារភ្នំពេញពាណិជ្ជ កន្លងមកបានឆ្លងកាត់បទពិសោធន៍ជាច្រើន ដូច្នេះនីតិវិធីក៏មានច្រើនដែរ។ ភាពរង្គោះរង្គើនៃស្ថានភាពសេដ្ឋកិច្ចវាមិនមែនទើបតែកើតឡើងម្ដងនោះទេ ដូច្នេះលោកចាត់ទុកថាស្ថានភាពនៅក្នុងឆ្នាំ2017 ដែលនឹងអាចកើតឡើងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺវាជារឿងសាមញ្ញតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា ៖ “ នៅពេលមានស្ថានការណ៍បែបហ្នឹងកើតឡើង តើយើងជាអ្នកធ្វើការផ្នែកធនាគារត្រូវឈប់ប្រតិបត្ដិការឬយ៉ាងណា? ជាក់ស្តែងបើយើងសង្កេតមើលទៅលើការងារប្រកបរបរអាជីវកម្មទូទៅវាគ្រាន់តែអាចស្ទះតិចតួចនៃផ្នែកណាមួយតែប៉ុណ្ណោះ គឺវាមិនមែនស្ទះគ្រប់ផ្នែកទាំងអស់នោះទេ ដូច្នេះបើនិយាយពីរឿងសេដ្ឋកិច្ចទាំងមូលវានៅនឹង ឬថយចុះបន្ដិចបន្ដួចជារឿងធម្មតា ព្រោះអ្នករកស៊ីគ្រប់គ្នានៅតែបន្ដដំណើរការជាធម្មតាមិនមែនគេឈប់រកស៊ីនោះទេ។ អ្នកប្រកបរបរលក់គុយទាវនៅតែលក់ អ្នករត់ឡានតាក់ស៊ីនៅតែរត់ឡានតាក់ស៊ី ការដឹកជញ្ជូននៅដំណើរការធម្មតាដដែល។
លោកបន្ថែមថា ៖ អ្វីៗមិនមែនត្រូវផ្អាកដំណើរការទាំងស្រុងនោះទេ គ្រាន់តែមានផ្នែកណាមួយវាត្រូវបានធ្លាក់ចុះ ឬកាត់បន្ថយបន្ដិចតែប៉ុណ្ណោះ ដូច្នេះយើងជាអ្នកធ្វើការងារផ្នែកធនាគារយើងត្រូវចេះការពារផ្នែកដែលអាចជួបហានិភ័យខ្ពស់ ខ្ញុំមិនចង់បញ្ជាក់ថា ចំណុចណាមួយជាចំណុចដែលត្រូវជួបហានិភ័យខ្ពស់សម្រាប់យើងនោះទេ។ គ្រាន់តែយើងត្រូវគិតខ្លួនឯងថា ចំណុចណាមានហានិភ័យខ្ពស់យើងត្រូវចេះការពារ និងបន្ថែមការប្រុងប្រយ័ត្ន ព្រមទាំងរឹតបន្ដឹងជាងមុនជាការស្រេច រីឯផ្នែកផ្សេងយើងនៅតែបន្ដដំណើរការជាធម្មតា។
លោក គឹមស្រូយ បានថ្លែងទៀតថា ធនាគារ PPCB ផ្ដល់ឥណទានផ្ដោតទៅលើលទ្ធភាពសងរបស់អតិថិជន និងគិតពីគុណភាពជាចម្បង ពោលគឺការផ្ដល់ឥណទានត្រូវផ្ដល់ទៅតាមលទ្ធភាពសង ដោយយើងផ្ដោតលើប្រភពចំណូលរបស់អតិថិជនឱ្យមានភាពច្បាស់លាស់ និងការសងឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការប្រើប្រាស់ទុនបន្ថែមចំគោលដៅដែលអាចធ្វើឱ្យមុខជំនួញពួកគាត់ដំណើរការល្អប្រសើរ។ លោកបន្ថែមថា ដើម្បីផ្ដល់ឥណទានឱ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ PPCB ឧស្សាហ៍មានការបណ្ដុះបណ្ដាលដល់បុគ្គលិកពីបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាស់មុនផ្ដល់ជូនអតិថិជន ព្រោះឥណទានជាអាវុធមុខពីរ ប្រសិនបើផ្ដល់ឱ្យអតិថិជនបានត្រឹមត្រូវអតិថិជននឹងមានការរីកចម្រើន។
ប្រធាននាយកប្រតិបត្ដិរងជាន់ខ្ពស់ PPCBបានបញ្ជាក់បន្ថែមថា ការផ្ដល់កម្ចីត្រូវបែងចែកជាពីរ គឺជាឯកត្ដជន និងជាក្រុមហ៊ុន។ ប្រសិនបើក្រុមហ៊ុនត្រូវការកម្ចីឥណទាន គឺគាត់ត្រូវមានលក្ខខណ្ឌបែបក្រុមហ៊ុនដូចជា ច្បាប់អាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ហើយយើងត្រូវចុះពិនិត្យដល់ទីកន្លែងទាំងទីកន្លែងអាជីវកម្ម និងកន្លែងរបស់ទ្រព្យដែលត្រូវដាក់ធានា។ លោកបន្ដថា ដើម្បីឱ្យទទួលបានព័ត៌មានកាន់តែច្បាស់បុគ្គលិកត្រូវតែធ្វើទៅតាមចំណេះជំនាញ និងចុះទៅដល់ទីកន្លែងដើម្បីអង្កេតមើលលើជំនួញ ឬអ្វីដែលអតិថិជនបានប្រាប់។
ធនាគារ PPCB បានចាប់ផ្តើមប្រតិបត្ដិការនៅកម្ពុជាតាំងពីឆ្នាំ2008 មកម្ល៉េះដោយបច្ចុប្បន្នធនាគារនេះមាន14សាខា គឺនៅ រាជធានីភ្នំពេញមាន10សាខា និងមាននៅខេត្ដសៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពង់ចាម។ ការប្រតិបត្ដិការលើការផ្ដល់ប្រាក់កម្ចីរបស់ធនាគារ PPCB មានរយៈពេល8ឆ្នាំមកហើយ ប៉ុន្ដែដំណើរការនៃការផ្ដល់ប្រាក់កម្ចីរបស់ធនាគារ មានដំណើរការល្អប្រសើរ ដែលឥណទានយឺតយាវរបស់ PPCB មានត្រឹម0.03%តែប៉ុណ្ណោះ ។ បច្ចុប្បន្នអតិថិជនប្រើប្រាស់សេវាឥណទាន នាក់ដែលបានប្រើប្រាស់ប្រាក់កម្ចី276លានដុល្លារនិងមានទ្រព្យសកម្មសរុប450លានដុល្លារ។
លោក ដុស ឌីន អគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ជាក់ថា ប្រសិនបើមានការធ្លាក់ចុះកម្រិតនេះវាមិនត្រូវបានចាត់ទុកជាការធ្លាក់ចុះគំហុកដែលគួរឱ្យមានការបារម្ភដល់គ្រឹះស្ថានរបស់លោកនោះទេ តែលោកគិតថា ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចខិតទៅរកនិន្នាការរឹតបន្ដឹងជាងមុននៃការផ្ដល់កម្ចីឥណទាន ព្រោះវិស័យជាច្រើនហាក់មិនទាន់មានភាពប្រាកដប្រជា បូករួមជាមួយការឡើងកម្តៅនយោបាយផងដែរ។ ជាមួយគ្នានេះលោកបានលើកជាឧទាហរណ៍ថា មានអ្នកខ្លះកម្ចីឥណទាន ដើម្បីទៅប្រកបរបរលក់ដូរ ប៉ុន្ដែដោយសារតែដីធ្លីឡើងថ្លៃហួសកម្រិតបានធ្វើឱ្យការជួលទីតាំងដើម្បីប្រកបការរកស៊ីរបស់ពួកគាត់ឡើងថ្លៃខ្ពស់ស្ទើរតែរកប្រាក់បង់ទីតាំងសឹងតែមិនរួចខ្លួន។ ដូច្នេះការខ្ចីប្រាក់ទៅប្រកបរបររកស៊ីនោះមិនទទួលបានជោគជ័យនោះទេ។
លោកលើកឡើងទៀតថា ៖ “ទោះពេលកំណើនសេដ្ឋកិច្ចនៅមានអំណោយផលក៏ដោយ ប៉ុន្ដែបើយើងក្រឡេកទៅលើវិស័យមួយចំនួនដូចជាកសិកម្មអត់ទាន់ច្បាស់លាស់ទេ ព្រោះវាពាក់ព័ន្ធទៅលើប្រព័ន្ធធារាសាស្ដ្រ រីឯបញ្ហាដីធ្លីក៏មិនទាន់ច្បាស់លាស់នៅឡើយចំណែកកំណើនឥណទានមិនសងមានការកើនឡើង ទោះបីវានៅមិនទាន់កើនឡើងខ្លាំងរហូតមានបញ្ហា ប៉ុន្ដែវាមានកំណើន។ ដូច្នេះបើយើងមើលទៅលើបីកត្តាហ្នឹងខ្ញុំជឿថា ស្ថាប័ននីមួយៗអាចកែសម្រួលគោលនយោបាយផ្ដល់ប្រាក់កម្ចីឥណទាន នឹងអាចខិតទៅរកការរឹតបន្ដឹង។
អគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានបន្ថែមទៀតថា សម្រាប់គ្រឹះស្ថានរបស់លោកមានអតិថិជនគោលដៅជាង34ម៉ឺននាក់ បើធៀបទៅឆ្នាំ2015 ឥណទានដែលមិនសងមានការកើនឡើង ស្ថិតនៅក្នុងរង្វង់0.2% ។ លោកបន្ថែមថា៖ “ដ្បិតតែមានកំណើននៃឥណទានមិនសងមានការកើនឡើងក្ដី ប៉ុន្ដែយើងក៏មិនបារម្ភទេ ព្រោះយើងបានគិត និងបារម្ភអំពីវាតាំងពីឆ្នាំ2014 មកម្ល៉េះ។ ដោយសារតែចូលមកដល់2015 យើងបានផ្ដោតទៅលើគុណភាព ទើបរហូតមកដល់ឆ្នាំ2016យើងមានកំណើននៃឥណទានមិនសងតិចតួចដូច្នេះយើងមានផលប៉ះពាល់តិចជាងគេ”៕
http://www.lareine.news/