MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
វិស័យ​សំណង់​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​លំដាប់​ទី ​៤ និង​ឈរ​នៅ​លំដាប់​ទី២ ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​នៅ​កម្ពុជា Posted Date : 15-09-2016

ទំហំ​ការងារ​នៅ​ក្នុង​វិស័យ​សំណង់​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ជាប់​លំដាប់​ទី​៤​ខណៈ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ក៏​បាន​ឡើង ​ចំណាត់​ថ្នាក់​ទី​ ២ ក្នុង​នាម​ជា​វិស័យ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី ​២០​ ទៅ​ ២៥ ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ភាគ​ច្រើន​មក​ពី​ទី​ជន​បទ​។

លោក​បន្ត​ថា ពេល​ពួក​គេ​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ ពួក​គេ​មករក​ការងារ​ធ្វើ ហើយ​​ពេល​រដូវ​ធ្វើ​ស្រែ​ចម្ការ​ពួក​គេ​ត្រឡប់​ទៅ​វិញ ដើម្បី​ប្រកប​របរ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​។

លោក សីហា បន្ត​ថា​ ៖ «​វិស័យ​នេះ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ជា​ច្រើន និង​បាន​រួម​ចំណែក​ផ្តល់​ការងារ​ច្រើន​ដល់​ប្រជា​ពលរដ្ឋ ដោយ​សារ​កំណើន​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ប្រព័ន្ធ​ច្បាប់​នានា​របស់​កម្ពុជា​មាន​ភាព​អំណោយ​ផល​»​។

វិស័យ​សំណង់ និង​អចលនទ្រព្យ​ បាន​ក្លាយ​ជា​កម្លាំង​ចលករ​ជំរុញ​សេដ្ឋកិច្ច​ស្ថិត​នៅ​លេខ​រៀង​ទី​២ របស់​ប្រទេស​កម្ពុជា បន្ទាប់​ពី​វិស័យ​វាយនភ័ណ្ឌ ដែល​មាន​រោង​ចក្រ​ប្រមាណ​ ១ ០០០ ​រោងចក្រ និង​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ​៨០​ម៉ឺន​នាក់។

តាម​ពិត​វិស័យ​កសិកម្ម​ទៅ​វិញ​ទេ​ ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​គេ​លំដាប់​ទី​១ វិស័យ​វាយនភ័ណ្ឌ​ជាប់​លំដាប់​ទី​ ២ ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​ ៨០ ​ម៉ឺន​នាក់​វិស័យ​ទេសចរណ៍​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​ ៤០​ ម៉ឺន​នាក់ និង​វិស័យ​សំណង់​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី​២០ ​ទៅ​២៥​ម៉ឺន​នាក់​។

លោក ទូច សំណាង អគ្គនាយក រង​ក្រុមហ៊ុន OCIC ជា​ក្រុម​ហ៊ុន​មួយ ​ដែល​បាន​ប្រើប្រាស់​កម្មករ​ជាង​ ១០ ០០០​នាក់ បាន​ថ្លែង​ថា កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ភាគ​ច្រើន​ជា​កម្មករ​ខ្មែរ​សុទ្ធ​សាធ ដែល​តម្លៃ​ពលកម្ម​របស់​ពួក​គេ​មាន​តម្លៃ​ចាប់​ពី​ ១៤ ០០០ ​ទៅ​ ១៦ ០០០ ​រៀល​ក្នុង មួយ​ថ្ងៃ សម្រាប់​កម្មករ​ធម្មតា និង​កម្មករ​ជំនាញ​មាន​តម្លៃ​ពលកម្ម​ចាប់​ពី ​១៦ ០០០ ដល់​ ៤០ ០០០ ​រៀល​ក្នុង​មួយ​ថ្ងៃ​។

លោក​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​ក៏​បាន​ប្រើ​ប្រាស់​កម្មករ​ជំនាញ​មក​ពី​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ដូច​ជា ប្រទេស​កូរ៉េ ហ្វីលីពីន​ផង​ដែរ​។

លោក​បន្ត​ថា​ ៖ «​អ្នក​ជំនាញ​បរទេស​ធ្វើ​ការ​មាន​គុណ​ភាព និង​ធ្វើ​ការងារ​បាន​លឿន ដែល​កម្មករ​បរទេស​ម្នាក់​អាច​ធ្វើ​ការ​ស្មើ​នឹង​កម្មករ​ខ្មែរ​បី​បួន​នាក់​»​។

លោក សំណាង បាន​បន្ត​ថា តម្លៃ​កម្លាំង​ពលកម្ម​របស់​កម្មករ​កម្ពុជា ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​។

លោក ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​នៃ​គម្រោង Olympia City បាន​ថ្លែង​ថា កម្មករ​ខ្មែរ​ភាគ​ច្រើន មិន​មាន​ការ​បណ្តុះ​បណ្តាល​ពី​សាលា​ត្រឹម​ត្រូវ​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ទឹក​ដៃ​ការងារ​របស់​ពួក​គេ​មិន​សូវ​មាន​គុណភាព​ដែរ ដូច្នេះ​ការ​ប្រើប្រាស់​កម្មករ​ជំនាញ​ពី​បរទេស ត្រូវ​បាន​ផ្តោត​លើ​ការងារ​ជំនាញ ដូច​ជា ការ​ឌីហ្សាញ ការងារ​ម្នាង​សិលា​ជាដើម​។

លោក​បន្ត​ថា​ ៖ «ទោះ​ជា​យ៉ាង​ណា កម្មករ​ខ្មែរ​ខ្លះ​ក៏​មាន​ទឹក​ដៃ​ល្អ​ផង​ដែរ ប៉ុន្តែ​ដោយ​សារ​វិស័យ​នេះ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន ទើប​យើង​ជួប​ការ​ខ្វះខាត​នូវ​កម្មករ ឬ​ជាង​ជំនាញ​ជា​ជនជាតិ​ខ្មែរ​យើង​»​។

លោក​បន្ត​ថា​ ៖ «​ប្រាក់​កម្រៃ​ដែល​ផ្តល់​ឲ្យ​កម្មករ​ខ្មែរ​យើង អាស្រ័យ​លើ​ជំនាញ និង​បទ​ពិសោធ​របស់​ពួក​គេ ប៉ុន្តែ​តម្លៃ​ពលកម្ម​របស់​ពួក​គេ​ពិត​ជា​បាន​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​»។

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​បាន​រាយការណ៍​ថា មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ក្រសួង​បាន​ធ្វើ​ការ​ចាប់​ខ្លួន និង​បញ្ជូន​ពលករ​ខុស​ច្បាប់​ជាង​ ១០ ០០០ ​នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ​ដែល​កម្មករ​ទាំង​នោះ​ប្រមាណ​ ៩០​ ភាគរយ ជា​ជន​ជាតិ​វៀតណាម ដែល​បាន​មក​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មករ​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​សំណង់​៕

 

http://www.postkhmer.com/