ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងចាត់វិធានការក្តៅលើអ្នកវិនិយោគអគារ Gold Tower 42 ដែលបានផ្អាកការសាងសង់ និងបានសន្យាបន្តការសាងសង់បន្តគម្រោងនេះជា មួយថ្នាក់ដឹកនាំក្រសួងម្តងហើយម្តងទៀត ប៉ុន្តែជាក់ស្តែងនៅតែមិនធ្វើសកម្មភាពអ្វីឡើយ។
គម្រោងអគារនេះបានក្លាយជាអគារខ្មោច គិតចាប់តាំងពីចុងឆ្នាំ២០១០ កន្លងមក ដោយមិនបានធ្វើសកម្មភាពសាងសង់អ្វីឡើយ បន្ទាប់ពីអគារនេះបានសាងសង់ចប់ដល់ជាន់ទី៣២ នៅក្នុងគម្រោង សាងសង់កម្ពស់៤២ជាន់ របស់ខ្លួន។ អគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន YUNWOO និងសាងសង់ដោយក្រុមហ៊ុន HANIL Real Estate។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងក្រោយពេលចូលរួមពិព័រណ៍សំណង់នៅកោះពេជ្រ កាលពីចុងសប្តាហ៍មុនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យអញ្ជើញថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះ មកពិភាក្សាគ្នាបន្ត ដើម្បីដាក់ផែនការសកម្មភាពនៅក្នុងសប្តាហ៍នេះ ព្រោះកន្លងមកក្រុមហ៊ុនធ្លាប់បានសន្យាថា នឹងបន្តអភិវឌ្ឍគម្រោងនេះ។
លោកបន្តថា ៖ «តាមព័ត៌មានគឺគាត់មានដៃគូថ្មី ដើម្បីសាងសង់គម្រោងនេះជាបន្ត»។
នៅពេលសួរសំណួរថា ប្រសិន ជាគម្រោងនេះនៅតែមិនបន្តអភិវឌ្ឍ តើក្រសួងនឹងចាត់វិធានការបែបណា?
លោក ប៉ែន សុផល បានបញ្ជាក់ថា ៖ «ក្រសួងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ ដើម្បីធ្វើឲ្យអគារនេះបញ្ចប់ ប៉ុន្តែជាគោលដៅរដ្ឋាភិបាល ត្រូវប្រើយុទ្ធសាស្ត្រទន់ភ្លន់ ដើម្បីទាក់ទាញអ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់»។
ទោះជាយ៉ាងណាលោករដ្ឋលេខាធិការ មិនបញ្ជាក់ឲ្យដឹងថា ក្របខ័ណ្ឌច្បាប់អ្វី ត្រូវដាក់ចេញ ដើម្បីចាប់បង្ខំឲ្យអ្នកវិនិយោគគម្រោងមួយនេះធ្វើការអភិវឌ្ឍបន្តនោះទេ។
បើយោងទៅតាមការពន្យល់របស់លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងកំពុងសម្របសម្រួលករណីនេះ ហើយអគ្គនាយកដ្ឋានសំណង់គឺជាអ្នកធ្វើការងារនេះ ព្រោះឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំឲ្យអគ្គនាយកសំណង់ ធ្វើការជាមួយអ្នកវិនិយោគគម្រោងនេះដោយផ្ទាល់ ដើម្បី ឲ្យម្ចាស់គម្រោងនេះធ្វើលិខិតជាលាយលក្ខណ៍អក្សរច្បាស់លាស់មកកាន់ក្រសួង។
លោកបន្តថា ៖ «រហូតមកទល់ពេលនេះលោកមិនដឹងលទ្ធផលបែបណានៅឡើយទេ»។ ប៉ុន្តែលោកថ្លែងថា ចំពោះព័ត៌មានច្បាស់លាស់ «សូមសួរព័ត៌មានលម្អិតជាមួយលោក ហ៊ុយ ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់របស់ក្រសួង»។
លោក ហ៊ុយ ណារ៉ា មិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយសារទូរស័ព្ទចូលទៅទូរស័ព្ទ ដៃរបស់លោក តែមិនមានអ្នកទទួលឆ្លើយ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា អ្វីដែលសំខាន់នាពេលនេះ គឺម្ចាស់គម្រោងនេះត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនអាចសាងសង់ចប់ឬអត់? បើម្ចាស់គម្រោងនេះសាង សង់ចប់ ដើម្បីបង្ហាញទំនុកចិត្តដល់សាធារណជនឲ្យមើលឃើញ នោះ គម្រោងនេះមិនមានបញ្ហាក្នុងការលក់នោះទេ ព្រោះគម្រោងនេះស្ថិតនៅលើទីតាំងពិសេសមួយ ផ្ទុយទៅវិញបើម្ចាស់គម្រោងនេះមិនធ្វើឲ្យមានទំនុកចិត្ត។ វាពិតជាពិបាកហើយ។
លោកឧកញ៉ាបន្តថា ៖ «បើសង់ចប់មិនអីនោះទេ ព្រោះគម្រោងនេះស្ថិតនៅលើទីតាំងល្អ សូម្បីតែខ្ញុំក៏ចង់ទិញគម្រោងនេះដែរ បើសិនជាគម្រោងនេះសង់ចប់»។
លោកបន្តថា ៖ «កន្លងមកក្រុមហ៊ុនវិនិយោគគម្រោងនេះធ្លាប់បានមកពិភាក្សាជាមួយខ្ញុំ ប៉ុន្តែខ្ញុំប្រាប់ថា បើសាងសង់ចប់ក្រុមហ៊ុនរបស់ខ្ញុំអាចជួយលក់បាន ប៉ុន្តែ(យើង)មិនអាចលក់បានទេ បើមិនច្បាស់លាស់»។
លោកឧកញ៉ា ចេង ខេង បានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរពិនិត្យមើលរឿងនេះមិនគួរបណ្តោយទុកគម្រោងនេះផ្អាកចោលនោះទេ ព្រោះវាអាចមានបញ្ហាផ្នែកសំណង់ និងសោភណភាព ក៏ដូចជាមុខមាត់ទីក្រុង ព្រោះអាជ្ញាធរក្រុងខិតខំបង្កើនសោភណភាព តែនៅ ពេលមានអគារជាប់គាំងបែបនេះ តិចឬច្រើនក៏ប៉ះពាល់ដល់មុខមាត់ទីក្រុងផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា មានអ្នកចង់ទិញគម្រោងនេះ ប៉ុន្តែនៅពេលឮថាក្រសួងចង់ចាត់វិធានការលើរឿងនេះ អ្នកចង់ទិញគម្រោងនេះរង់ចាំមើលសិនថា តើក្រសួងដោះស្រាយតាមបែបណា។
លោកបន្តថា មានអ្នកចង់ទិញគម្រោងនេះច្រើន តែយើងមិនច្បាស់ថា អ្នកណាជាអ្នកពាក់ព័ន្ធក្នុងស្រុក និងម្ចាស់គម្រោងនៅបរទេសជាអ្នកណាទេ។
លោកបន្តថា ៖ «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរជួបប្រជុំគ្នា ដើម្បីដោះស្រាយរឿងនេះ ព្រោះវាក្លាយជាជំងឺហើយ ដូច្នេះគួរកាត់ដៃម្ខាងចេញ ឬទុកឲ្យមេរោគស៊ីរហូតស្លាប់ខ្លួនទាំងមូល»។
លោកបន្តថា ៖ «ប្រសិនជាគម្រោងនេះបង្ហាញច្បាស់ ហើយប្រកាសដេញថ្លៃលក់ជាសាធារណៈ ខ្ញុំដឹងថា មានអ្នកទិញគម្រោងនេះព្រោះមានអ្នកចង់ទិញគម្រោងនេះច្រើន»៕
http://www.postkhmer.com/