អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ដែលនឹងត្រូវប្ដូរឈ្មោះថា មន្ទីរពេទ្យ «ហ្លួងម៉ែ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយក មន្ទីរពេទ្យឈ្មោះនគរទេព ដើម្បីត្រៀមទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយប្តូរឈ្មោះថា ជាមន្ទីរពេទ្យ «ហ្លួងម៉ែ»វិញ។
មន្ទីរពេទ្យនគរទេព មានទីតាំងស្ថិត ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្ត្រីនគរទេពនេះផងដែរ៕